ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានផ្តើមដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បន្ទាប់មកនៅ ខែតុលា ឆ្នាំ២០២៥ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយ SBI Holdings, Inc. ទាំងស្រុង ហើយបានប្តូរឈ្មោះទៅជាធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក នៅខែមេសា ឆ្នាំ២០២៦។
សមាហរណកម្មយុទ្ធសាស្ត្ររបស់ធនាគារទៅក្នុងបណ្តាញសកលរបស់ SBI Group គឺជាជំហានដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើង ដើម្បីទាញយកអត្ថប្រយោជន៍ពីធនធានបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទូលំទូលាយ និងពង្រីកប្រតិបត្តិការដើម្បីបង្កើនគុណតម្លៃជូនអតិថិជនបន្ថែមទៀត។
ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក មានទ្រព្យសកម្មសរុបជាង ១.១២ ពាន់លានដុល្លារអាមេរិក និងបណ្តាញប្រតិបត្តិការទូទាំងប្រទេស។ ការរីកចម្រើនដ៏ធំធេងនេះ គឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលបានរួមបញ្ចូលគ្នាយ៉ាងរលូន រវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ជាមួយនឹងការប្រើសេវាផ្ទេរប្រាក់ដ៏ឈានមុខ មានដូចជា SBI Ripple ជាមួយនឹងបច្ចេកវិទ្យា Blockchain ដែលបង្កើតឡើងសម្រាប់ការទូទាត់អន្តរជាតិឆាប់រហ័ស និងមានតម្លៃសមរម្យ។
តាមរយៈការរីកចម្រើននេះ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក កំពុងពង្រីកសេវាបន្ថែមទៀត ដើម្បីបំពេញតម្រូវការផ្នែកសេវាធនាគារឌីជីថលដែលមានភាពងាយស្រួលហើយកំពុងកើនឡើង និងការពង្រឹងខ្លួនឱ្យស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintech) នាពេលអនាគត។
យើងទាំងអស់គ្នាគប្បី ប្រកាន់យកនូវភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ច មិនមានការភូតគហក មិនមានពុតត្បុតក្នុងការងារ មិនពុករលួយ មិនកេងបន្លំទ្រព្យសម្បត្តិរបស់ធនាគារឡើយ។
គ្រប់បុគ្គលិកយើងទាំងអស់គ្នា គប្បីមានស្មារតីជាក្រុមក្នុងការសម្រេចគោលដៅការងាររបស់យើង និងផ្ដល់សេវាកម្មដ៏ទាក់ទាញជូនគ្រប់ភាគីពាក់ព័ន្ធរបស់យើងគ្រប់ពេលវេលា មិនមើលបំណាំគ្នានៅពេលមានភាពចាំបាច់។
សំដៅលើការហ៊ានទទួលខុស និងត្រូវនូវរាល់ទង្វើរបស់ខ្លួន ។ ជារឿយៗ យើងគប្បីចាត់ទុកថាការងារនេះ ជារបស់ខ្លួនឯង ត្រូវមានការប្រុងប្រយ័ត្ន លើការបាត់បង់ ការទទួលផល ហើយធ្វើយ៉ាងណាឲ្យល្អអស់ពីសមត្ថភាពដែលអាចធ្វើបាន ។ បើមានកំហុស ត្រូវរៀនសូត្រពីវា និងចៀសវាងកុំឲ្យមានកំហុសច្រំដែល។
បង្ហាញសមត្ថភាពវិជ្ជាជីវៈការងារខ្ពស់ លើផលិតផលនានា និងសេវាកម្មពេញលេញ ជូនអតិថិជនដោយទំនុកចិត្ត។
អ្នកដឹកនាំ បង្កើតអ្នកដឹកនាំច្រើននាក់ទៀត មានន័យថាគ្រប់គ្នាត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ និងធ្វើឲ្យការងាររបស់ខ្លួនមានវឌ្ឍនភាព និងសម្រេចបានទៅតាមផែនការដែលបានកំណត់។
ក្នុងការងារប្រតិបត្តិ ការសម្រេចចិត្តនានា ការលើកទឹកចិត្ត ការពិន័យឬស្ដីបន្ទោស ត្រូវផ្អែកលើគោលការណ៍របស់ធនាគារ មិនមែនផ្អែកលើទំនាក់ទំនងមិត្តភក្ដិ បងប្អូន និន្នាការនយោបាយ សាសនា ពូជសាសន៍ឡើយ ។
យើងគោរព និងឲ្យតំលៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងរបស់បុគ្គលិកណាម្នាក់ ឬជាក្រុមដែលសម្រេចបានការងារច្រើន និងប្រកបដោយគុណភាព (ធ្វើបានល្អ បានស្អាត បានរឹងមាំ បានលឿន ចំណាយមានប្រសិទ្ធភាព និងធានាបាននូវភាពប្រឈមចំពោះបញ្ហានានាពេលខាងមុខ ។ល។)
មានន័យថា រាល់ទង្វើដែលយើងធ្វើ រាល់ពាក្យសំដី អាកប្បកិរិយារវាងបុគ្គលិក និង បុគ្គលិក ថ្នាក់ដឹកនាំដោយមិនប្រកាន់ឋានៈ ឬជាមួយអតិថិជនក្ដី យើងត្រូវប្រកាន់ជាប់ជានិច្ចនូវការគោរពគ្នាទៅវិញទៅមក ដោយពាក្យសំដីសមរម្យ រួសរាយរាក់ទាក់ និងដោយភាពថ្លៃថ្នូរ ។
បង្ហាញពីភាពតស៊ូ ព្យាយាម ជំនះការលំបាក ធ្វើឲ្យសម្រេចបានការងារផងទាំងពួង ទោះជាមានតំរូវការលើសម៉ោងការងារខ្លះក្ដី ដោយឈរលើស្មារតីជាវិជ្ជមាន ។